ក្រោយពីទទួលពត៌មាន ស្តីពី ការរាតត្បាតដោយ មមាចត្នោត ពីលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុករុក្ខគិរី នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ ព្រមទាំងសហការីជំនាញក្សេត្រសាស្ត្រ និងនីតិកម្មកសិកម្ម សហការជាមួយលោក ប៉ុក រ៉ែន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករុក្ខគិរី និងមន្រ្តីផ្សព្វផ្សាយឃុំ បានចុះពិនិត្យ វាយតម្លៃ ព្រមទាំងអន្តរាគមន៍សត្វមមាចត្នោត កំពុងបំផ្លាញលើដំណាំស្រូវរបស់កសិករ ចំនួន៣ឃុំ (ឃុំព្រែកជីក មុខរាហ៍ និងឃុំស្តុកប្រវឹក) ស្រុករុក្ខគិរី ។
តាមរយៈការសង្កេត ភាគច្រើននៃបំផ្លាញនៅក្នុងដំណាក់កាលស្រូវផើម ចេញកួរ ដាក់ទឹកដោះ និងដំណាក់ស្រូវដាក់គ្រាប់ ដែលផ្ទៃដីស្រែរងផលប៉ះពាល់មានចំនួន សរុប១៤០ហិកតា ក្នុងនោះឃុំព្រែកជីកចំនួន៦០ហិកតា ឃុំស្តុកប្រវឹកចំនួន ៣០ហិកតា និង.ឃុំមុខរាណ៍ចំនួន ៥០ហិកតា។
ភាគរយបណ្តាលអោយថយទិន្នផលស្រូវចន្លោះពី៣ទៅ៥%។ ក្រុមការងារបានធ្វើការណែនាំ នូវវិធានការមួយចំនួន ៖
-ស្រែដែលមានទឹកគួរបញ្ចូលទឹក ដើម្បីកម្ចាត់មមាចត្នោត
-មិនត្រូវប្រើប្រាស់ថ្នាំបន្តទៀតលើស្រូវដែលកំពុងស្ថិតក្នុងដំណាក់កាលទុំ ៦០-៧០%
-ត្រូវចុះស្រែជាប្រចាំ ដើម្បីតាមដានវត្តមានមមាចនៅក្នុងស្រែ
-មិនត្រូវទុកពូជនេះដាំដុះបន្តនៅរដូវក្រោយទេ
-កាត់បន្ថយការប្រើប្រាស់ជីដែលមានសារធាតុអាសូត
-ចំពោះវិធានការគីមី ត្រូវប្រើប្រាស់ នៅពេលដែលប្រជាករមមាចត្នោតខ្ពស់ដែលយើងមិនអាចគ្រប់គ្រងបាន នៅក្នុងដំណាក់កាលស្រូវ សំណាប ឬលូតលាស់ អាយុ១០-២០ថ្ងៃ នឹងស្រូវបែកគុម្ព
-ត្រូវរាយការណ៍ឬផ្តល់ព័ត៌មានអោយបានទាន់ពេលវេលាក្នុងករណី មានការបំផ្លាញពីសត្វល្អិត ឬជម្ងឺ ដល់ អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងមន្ត្រីជំនាញ។
ក្រុមការងារបានផ្តល់ជូននូវថ្នាំកសិកម្មកម្ចាត់មមាចត្នោតមួយចំនួន ដើម្បីធ្វើការអន្តរាគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម