លោក ខាត់ បូរិន ប្រធានការិយាល័យ និងមន្ត្រីក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានប្រគល់ជូនវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) លើចម្ការសរុបចំនួន ៦០ចម្ការ (វិញ្ញាបនបត្រ CamGAP ដំណាំស្វាយចំនួន៩ចម្ការ ដំណាំបន្លែចំនួន២៩ចម្ការ និងដំណាំតាង៉ែនចំនួន២២នាក់) ដែលមានទីតាំងនៅស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។ បន្ទាប់មក បានចុះវាយតម្លៃចម្ការបន្លែរបស់កសិករអនុវត្តតាមគោលការណ៍អនុវត្តកសិកម្មល្អកម្ពុជា(CamGAP) នៅសហគមន៍កសិកម្មពន្លឺពេជ្រចិន្តាស្រុកភ្នំព្រឹក និងស្រុកកំរៀងខេត្តបាត់ដំបង នូវកសិករសរុបចំនួន១១នាក់ ដែលមានផ្ទៃដីសរុបចំនួន ១៣,៥ហិកតា។ ក្រោយពីការវាយតម្លៃចម្ការបន្លែការអនុវត្តកសិកម្មល្អកម្ពុជា របស់កសិករបានបង្ហាញថា កសិករនៅមានការខ្វះខាតចំណុចមួយចំនួនត្រូវកែលម្អ មានដូចជា
-កសិករត្រូវកែលម្អការកត់ត្រាសៀវភៅឡើងតាមការណែនាំ
-កសិករត្រូវធ្វើការសម្អាត អនាម័យចម្ការ និងជុំវិញចម្ការ
-កសិករត្រូវរៀបរបងការពារកុំឲ្យសត្វចូលកន្លែងដាំដុះបន្លែ
-កសិករត្រូវរៀបចំកន្លែងដាក់សម្ភារៈកសិកម្មផ្សេងៗ និងជី ថ្នាំពុល ក្នុងរោងឲ្យបានត្រឹមត្រូវ និង
-កសិករត្រូវគិតពីអនាម័យបណ្តាលមកពីកត្តាជីវសាស្ត្រ រូបសាស្ត្រ និងគីមីឲ្យបានខ្ពស់។ ម្យ៉ាងទៀតកសិករត្រូវ ច្បាស់លាស់នៅពេលប្រមូលបន្លែ គឺប្រមូលផលក្រោយពេលបាញ់ថ្នាំពុល តាមការណែនាំនៃធាតុសកម្មថ្នាំពុល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម