នៅថ្ងៃអង្គារ ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២លោក ឈឹម វជិរា ប្រធានមន្ទីរ និងសហការី បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពផលប៉ះពាល់ លើដំណាំស្រូវ និងដំណាំផ្សេងៗ ដែលជន់លិចដោយសារទឹកភ្លៀងនៅស្រុកបវេល ថ្មគោល ឯកភ្នំ សង្កែ មោងឫស្សី គាស់ក្រឡ និងស្រុករុក្ខគិរី។ ពេលនេះក្រុមការងារមន្ទីរកសិកម្មខេត្តដឹកនាំដោយលោក ប្រធានមន្ទីរ និងមន្រ្តីក្រោមឱវាទ សហការជាមួយប្រធានការិយាល័យកសិកម្មស្រុក បានចុះពិនិត្យស្ថានភាពទឹកជំនន់ប៉ះពាល់លើដំណាំស្រូវនៅឃុំឃ្លាំងមាស បឹងសង្កែ និងឃុំអំពិលប្រាំដើម ស្រុកបវេល។ ក្រោយពីបានចុះពិនិត្យរួចឃើញថាដីស្រែដែលរងផលប៉ះពាល់ភាគច្រើនជាដីស្រែដែលប្រជាកសិករទើបតែប្រមូលផលរួចហើយនឹងភ្ជួរទុកសម្រាប់ធ្វើវគ្គទី២ ចំពោះស្រូវដែលរងផលប៉ះពាល់ទឹកលិចនៅដំណាក់កាលស្រូវលូតលាស់ បើភ្លៀងមិនបន្តធ្លាក់មកទៀតទេគឺមិនអាចធ្វើអោយដំណាំស្រូវខូចខាតឡើយ ដោយសារនៅតំបន់នេះភាគច្រើនប្រជាកសិករធ្វើស្រូវពូជផ្ការំដួល និងស្រូវពូជស្រង៉ែ។ ចំពោះទឹកតាមស្ទឹង និងប្រឡាយវិញមានសភាពស្រកជាបណ្តើរៗផងដែរ ហើយក្រុមការងារនឹងធ្វើការតាមដានបន្តទៀតបើមានអ្វីប្រែប្រួល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម