នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយ លោកខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម មានការចូលរូម លោក អោន សាវន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំរៀង អ្នកស្រី តំណាងឲ្យលោកមេឃុំតាក្រី លោកជាមន្ត្រីបច្ចេកទេសនៃមន្ទីរ និងលោកទីប្រឹក្សាគ្រប់គ្រងមន្ទីរ (កម្មវិធីASPIRE) និងប្រជាកសិករដាំស្វាយនៅភូមិផ្លូវប្រាំ ឃុំតាក្រី ស្រុកកំរៀង។ សរុបអ្នកចូលរួម ៤៦នាក់ ស្រី០៩នាក់។ យោងតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួង និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានមកជួបជាមួយបងប្អូនប្រជាកសិករដាំស្វាយនៅឃុំតាគ្រី ដែលមានបញ្ហាទីផ្សារ(តម្លៃស្វាយមិនសមស្រប)។ ពេលនោះលោក ខាត់ បូរិន បានណែនាំអំពីបច្ចេកទេសដាំស្វាយឲ្យត្រូវស្តង់ដារទីផ្សារ នាំចេញប្រទេសក្រៅ ពិសេសប្រទេសសាធារណរដ្ឋប្រជាមានិតចិន និងនិតិវិធីសុំវិញ្ញាណបត្រការអនុវត្តកសិកម្មល្អ(GAP) ព្រមទាំងចងក្រងក្រុម/បណ្តុំ/សហគមន៍ ដោយមានស្ថិតិចំនួនកសិករដាំស្វាយ ផ្ទៃដីដាំស្វាយ ចំនួនដើមស្វាយបានប្រមូលផល និងចំនួនដើមស្វាយមិនទាន់ប្រមូលផល ដើម្បីងាយស្រួលឲ្យក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វែងរកក្រុមហ៊ុនទិញស្វាយនាំចេញ។ ក្រុមការងារបានពិភាក្សាជាមួយកសិករដែលបានចូលរួម ហើយបានចងក្រងជាបណ្តុំអាជីវកម្មស្វាយផ្លូវប្រាំ ដោយមានប្រធាន អនុប្រធានបណ្តុំ។ លោកប្រធានការិយាល័យបានណែនាំឲ្យកសិករដាំស្វាយទាំងអស់ដាក៎ពាក្យចុះបញ្ជីចំការស្វាយសម្រាប់នាំចេញ និងដាក់ពាក្យស្នើសុំវិញ្ញាបនបត្រអនុវត្តន៍កសិកម្មល្អ។ ហើយយើងនិងបើកវគ្គបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អនៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១។ ពេលនោះតំណាងក្រុមហ៊ុន Mongo Thom បានមានប្រសាសន៍ថា ក្រុមមានផលិតកម្ម1)-លក់ធាតុចូល 2)-ផ្តល់បច្ចេកទេស 3)-ស្វែងរកទីផ្សារ(ទិញស្វាយតាមកិច្ចសន្យា)។ ឥឡូវនេះក្រុមហ៊ុនទទួលវេចខ្ចបស្វាយ និងទទួលទិញស្វាយ នាំចេញទៅប្រទេសចិន ថៃ វៀតណាម តាមតម្លៃទីផ្សារជាក់ស្តែង។ បើចង់បានតម្លៃខ្ពស់ កសិករតម្រូវដាំស្វាយតាមតម្រូវទីផ្សារ ពិសេសការអនុវត្តកសិកម្មល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម