មាតិកា
សកម្មភាព ចុះវាយតម្លៃផលប៉ះពាល់ទៅលើដំណាំស្រូវក្រោយពីជំនន់ទឹកភ្លៀងនៅស្រុកថ្មគោល និងស្រុកបវេល
ចេញ​ផ្សាយ ២៤ តុលា ២០២០
442

នៅថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០  លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសហការី បានអមដំណើរគណ:ប្រតិភូ លោក ស្រ៊ុន សុខុម និងលោក អ៊ំ អេងសេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ចុះវាយតម្លៃផលប៉ះពាល់ទៅលើដំណាំស្រូវក្រោយពីជំនន់ទឹកភ្លៀង។

ទីតាំង: នៅក្នុងនោះស្រុកចំនួន២ ៖

១.ស្រុកថ្មគោល៖

បានចុះជួបជាមួយលោក សួស ឃឿត មេឃុំជ្រៃដើម្បីពិភាក្សាទៅលើផលប៉ះពាល់នៅក្នុងឃុំទាំងមូល បន្ទាប់មកលោកមេឃុំបានជូនគណៈប្រតិភូ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងស្ថិតនៅក្នុងភូមិហៃសាន សរុបចំនួន៧០០គ្រួសារ សុទ្ធសឹងជាកសិករ ដែលកំពុងប្រកបរបរកសិកម្មជាពិសេសដំណាំស្រូវ។ លោកបានបន្តទៀតថា នៅក្នុងភូមិទាំងមូលកសិករចំនួន៣៥-៤០ភាគរយ ដាំដុះប្រភេទពូជស្រូវផ្ការំដួល  ហើយកសិករ ៦០ភាគរយកំពុងដាំដុះពូជស្រូវសែនក្រអូប។ លោកមេឃុំបានបញ្ជាក់ថា ប្រភេទពូជស្រូវសែនក្រអូបបានខូចខាតទាំងស្រុង និងស្រូវផ្ការំដួលខូចខាតប្រហែលជា២០ភាគរយ។ បានបន្តចុះពិនិត្យនៅឃុំឣូរតាគី ជួបលោក ទុំ ពន្លក សមាជិកក្រុមប្រឹក្សាឃុំ និងលោកស្រី ផាង ស៊ីសូភា  ឣនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកថ្មគោល លោកស្រីបានរាយការណ៍ជូនថ្នាក់ដឹកនាំថា កសិករនៅក្នុងឃុំឣូរតាគីទាំងមូល បានរងការខូចខាត លើដំណាំស្រូវទាំងស្រុង ប្រហែល ២ ៧០០ហិកតា ហើយកសិករត្រៀមដាំដុះស្រូវស្តារឡើងវិញនៅពេលដែលទឹកស្រក។ ស្របពេលគ្នានោះ លោក ស្រ៊ុន សុខុម ឣគ្គនាយករងនៃឣគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ប្រាប់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំផែនការដើម្បីផ្តល់ពូជស្រូវជូនទៅដល់កសិករដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលនៅក្នុងគ្រួសារនីមួយៗ ដែលមានផ្ទៃដីលើសពី១ហិកតា ទទួលបានពូជស្រូវ១០០គីឡូក្រាម និងគ្រួសារដែលមានផ្ទៃដីក្រោម១ហិកតា ទទួលបាន៥០គីឡូក្រាម។

២.ស្រុកបវេល: បានពិនិត្យមើលស្ថានភាពជាក់ស្តែង នៅក្នុងឃុំបវេល ដែលស្ថានភាពទឹកជំនន់ មិនទាន់ថមថយនៅឡើយទេ។ បើតាមរបាយការណ៍ លោក ប៉ិន សុង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និង    បរិស្ថានស្រុកបវេល ផ្ទៃដីដាំដុះស្រូវនៅក្នុងឃុំបវេលទាំងមូលសរុបចំនួន ៣ ៩៥៦ហិកតា ដែលនៅក្នុងនោះផ្ទៃដីដែលរងការខូចខាតចំនួន៥៦០ហិកតា។ ប្រភេទស្រូវដែលរងការខូចខាតជាប្រភេទពូជស្រូវសែនក្រឣូបស្ថិតនៅក្នុងដំណាក់កាលបែកគុម្ព និងផ្ការំដួលស្ថិតនៅក្នុងដំណាក់កាលកំណរកំណើតគួរ និងមួយចំនួនចេញផ្កា។ ការជន់លិចជំនន់ទឹកភ្លៀងនេះ មានរយៈពេល២០ថ្ងៃ។ នៅក្នុងស្រុកបវេលទាំងមូលដាំដុះស្រូវសរុបចំនួន  ៤៣ ០៧៩ហិកតា ប៉ះពាល់សរុបចំនួន១៧ ៤៩០ហិកតា និងខូចខាតចំនួន៦ ៣៤៤ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter