សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
1-ការងារថ្នាក់ដឹកនាំមន្ទីរៈ
-លោក ឈឹម វជិរា ប្រធានមន្ទីរ បានចូលរួមពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។ ក្នុងពិធីនេះ ក៏មានវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ អង្គការ CAVAC តំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
- លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្ថានភាពប្រឈមរបស់គម្រោងសម្បទានដីសេដ្ឋកិច្ចក្រោមអធិបតីភាពឯឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសគម្រោងសម្បទានដីសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារលេខាធិការដ្ឋាន និងតំណាងក្រុមហ៊ុនផងដែរ។
2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ
- លោកនាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមប្រជុំពិភាក្សាការងារជាមួយលោកអភិបាលស្រុកសំឡូត, ស្រុកបាណន់ និងស្រុករតនមណ្ឌល រៀបចំសេចក្តីជូនដំណឹងស្តីពី ការទទួលពាក្យរបស់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើទីតាំងដីក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅភូមិសាស្រ្តស្រុកខាងលើក្នុងខេត្តបាត់ដំបង។
- មន្រ្តីផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានបន្តការងារជាមួយក្រុមទី១និងក្រុមទី២ ចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី។ ក្រុមទី១ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ និងក្រុមទី២ ភូមិកំពង់ទូក ឃុំមានជ័យ ចំណុចភ្នំដំបង និងស្លេវ ស្រុកសំឡូត។
3-ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មៈ
មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី ការគ្រប់គ្រងជីជាតិដីសម្រាប់ដំណាំស្រូវ ស្ថិតនៅក្នុងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)។
ហើយវគ្គបណ្តុះបណ្តាលនេះគឺធ្វើឡើងចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
4-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
លោក អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យ បានចូលរួមមហាសន្និបាតវិសាមញ្ញសហគមន៍កសិកម្មប្រទ្បាយមានជ័យ។ គោលបំណងនៃការធ្វើមហាសន្និបាតវិសាមញ្ញ គឺដើម្បីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសម្រាប់អាណត្តិថ្មី អ្នកចូលរួមសរុបចំនួន ៦៧នាក់ ស្រី២០នាក់ ស្ថិតនៅសាលារៀនមតេយ្យសិក្សាប្រទ្បាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី។ ជាប់ឆ្នោតជាក្រុមប្រឹក្សាភិបាល ១)លោក សួន សំណាង ប្រធាន ២)លោក រ៉យ ស៊ីណារ៉ាល់ អនុប្រធាន ៣)លោក ចាន់ សេរីវឌ្ឍនៈ ហេរញ្ញឹក ៤)លោកស្រី ប៊ុន យ៉ុន លេខាធិការ ៥)លោក ស៊ន សឿម សមាជិក។ ជាប់ឆ្នោតជាគណៈកម្មាធិការត្រួតពិនិត្យ ១)លោក ព្រីង សោភ័ណ ប្រធាន ២)លោក យូ គឹមហេង អនុប្រធាន ៣)លោក ថេត ពក សមាជិក។
5-ការងារការិយាល័យនីតិកម្មកសិកម្ម
ប្រធាន អនុប្រធាន និងមន្រ្តីសរុបចំនួន៥រូប បានសហការជាមួយមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកមោងឬស្សី ចុះត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្ម បានចំនួន ១០ដេប៉ូ ក្នុងនោះធ្វើការកែតម្រូវលើការតាំងលក់ថ្នាំកសិកម្មគ្មានការបកប្រែជាភាសាខ្មែរ និងគ្មានលេខបញ្ជិការ ពីក្រសួងកសិកម្មបានចំនួន២ដេប៉ូ និងដេប៉ូដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលចំនួន១ដេប៉ូ។
6-ការងារការិយាល័យរដ្ឋបាល បុគ្គលិកៈ
លោកអនុប្រធាន និងមន្រ្តីការិយាល័យ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយស្តីពី “គោលការណ៍កិច្ចប្រជុំសហប្រតិបត្តិក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបទបង្ហាញស្តីពីរបាយការណ៍វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូពាក់ព័ន្ធ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ទាំង២៥ នៅរាជធានីភ្នំពេញ។