សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ថ្ងៃអង្គារ ០៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០
1-ការងារថ្នាក់ដឹកនាំមន្ទីរ
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំបើកដំណើរការអនុវត្តកម្មវិធី ការគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា ជំហានទី១ ក្នុងសមាសភាគទី៤ ស្តីអំពីការលើកកម្ពស់វិវឌ្ឍនាការកសិកម្មប្រកបដោយចីរភាព ហៅកាត់ថា WAT4CAM_TA AGRI នៅក្នុងខេត្តបាត់ដំបង ដែលរៀបចំឡើងដោយកិច្ចសហការរវាងអង្គភាពគាំទ្រគម្រោងកម្មវិធី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ៩៤នាក់ ស្រី១៩នាក់។
2-ការងារការិយាល័យរដ្ឋបាល បុគ្គលិក
ក្រុមការងារការិយាល័យរដ្ឋបាល បុគ្គលិក បានចុះពិនិត្យមើលវឌ្ឍនភាពការចិញ្ចឹមឃ្មុំរបស់កសិករដែលមានដូចខាងក្រោមៈ
- បានចុះជួប លោក ចាន់ ប្រាក់ ជាកសិករចិញ្ចឹមឃ្មុំ រស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គាត់បានចាប់ផ្តើមចិញ្ចឹមឃ្មុំ មានរយៈពេល២ទៅ៣ឆ្នាំ ហើយដំបូងមានតែ៥ធុង (ធុងសម្រាប់ចិញ្ចឹមឃ្មុំ) រហូតមកដល់ពេលនេះគាត់បានចិញ្ចឹមឃ្មុំចំនួន៣០ធុង។ ការប្រមូលទឹកឃ្មុំរបស់គាត់ក្នុងឆ្នាំនិមួយៗគឺចាប់ពីខែ៥ ដល់ខែ១២ ដោយប្រមូលផលបាន៦០០លីត្រ/១ឆ្នាំ តម្លៃពី ៦០ ០០០រៀល ទៅ៨០ ០០០រៀល/លីត្រ ចំណាយប្រចាំឆ្នាំអស់១ ២០០ ០០០រៀល/ឆ្នាំ។
- បានចុះជួប លោក ឡាយ សេងលី ជាកសិករចិញ្ចឹមឃ្មុំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចាប់ផ្តើមចិញ្ចឹមឃ្មុំ មានរយៈពេល៣ឆ្នាំហើយ មកដល់ពេលនេះគាត់បានចិញ្ចឹមឃ្មុំចំនួន៧៥ធុង។ ការប្រមូលទឹកឃ្មុំរបស់គាត់ក្នុងឆ្នាំនិមួយៗចាប់ពីខែ៧ ដល់ខែ១២ ប្រមូលផលបាន៧០០លីត្រទៅ៨០០លីត្រ/១ឆ្នាំ តម្លៃបោះដុំពី ៥០ ០០០រៀល លក់រាយ៧០ ០០០រៀល/លីត្រ ចំណាយប្រចាំឆ្នាំអស់ ២ ៥០០ ០០០រៀល/ឆ្នាំ។
3-ការងារការិយាល័យផែនការ គណនេយ្យ
ការិយាល័យផែនការ គណនេយ្យ បានចុះធ្វើសន្ទង់ទិន្នផលស្រូវស្រុកឯកភ្នំ ឃុំព្រែកហ្លួង ដោយ សំណាកអន់ ១ ៥០០ក្រាម សំណាកមធ្យម ១ ៦០០ក្រាម សំណាកល្អ ១ ៧០០ក្រាម ទិន្នផលមធ្យម ៣ ៧២០គ.ក/ហ.តលើសឆ្នាំមុន១៣៤គ.ក។
4-ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានប្រជុំជាមួយបណ្តុំអាជីរកម្មចម្ការធូរ៉េន (១០កសិករគាំទ្រនៃសមាជិក១០០នាក់) នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ដឹកនាំដោយ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្រ្តីបច្ចេកទេសកម្មវិធីASPIRE មានការចូលរួមដោយអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូត។ ក្នុងគោលបំណង 1)-ការគាំទ្របណ្តុំអាជីវកម្ម 2)-ការអនុវត្តកសិកម្មល្អ (GAP)។
- មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានជូនក្រុមការងារ GIZ ចុះសំភាសន៍សិក្សាពីផលិតផលកសិកម្មដែលមានសក្ដានុពលស្របតាមទីផ្សារសម្រាប់កែច្នៃម្ហូបអាហារ។ ការងារនេះនឹងធ្វើការសំភាសន៍ មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម ក្រុមហ៊ុន សិប្បកម្មកែច្នៃ អាជីវករ សហគមន៍កសិកម្ម និងកសិករ។ មុខដំណាំត្រូវសំភាសន៍មាន គ្រាប់ស្វាយចន្ទី ស្វាយ មៀនប៉ៃលិន ប៉េងប៉ោះ ម្ទេស ត្រសក់។
5-កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តបាត់ដំបង
មន្ត្រីទីផ្សាររបស់មន្ទីរ ទីប្រឹក្សាសម្របសម្រួលទីផ្សារថ្នាក់ខេត្ត បានសហការណ៌ជាមួយនឹងមន្ត្រីខណ្ឌរដ្ឋបាលជលផល បានរៀបចំកម្មវិធីវេទិកាអ្នកពាក់ព័ន្ធច្រើនភាគីលើផលិតកម្មវារីវប្បកម្ម នៅភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង សមាជិកបណ្តុំបានចូលរួមចំនួន ៥០នាក់ ស្រ្តី១៤នាក់។ ជាលទ្ធផល ការពិភាក្សាទៅលើបញ្ហាចំនួន៥ចំនុចរួមមាន បញ្ហាបច្ចេកទេសចិញ្ចឹមត្រី បញ្ហាទីផ្សារ បញ្ហាក្នុងការប្រើប្រាស់ទុន វិនិយោគ បញ្ហាលើការប្រើប្រាស់ធាតុចូលកសិកម្ម និងបញ្ហាលើការប្រើប្រាស់ទឹកស្រោចស្រព។ ហើយក្រុមក៏បានសម្របសម្រួលក្នុងការដោះស្រាយទៅតាមស្ថាប័នជំនាញ និងធនគារដើម្បីធ្វើបទបង្ហាញឆ្លើយតបទៅតាមបញ្ហានីមួយៗ ដែលសមាជិកបណ្តុំបានលើកឡើងនូវស្ថានភាពបច្ចុប្បន្ន។ ហើយផែនការបន្តនឹងសហការណ៍ បើកវគ្គ បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី រៀបចំផែនការអាជីវកម្មលើផលិតកម្ម។
6-ការងារការិយាល័យគ្រឿងយន្តកសិកម្ម
លោកអនុប្រធានការិយាល័យ បានបណ្តុះបណ្តាលពីការបាត់បង់ស្រូវដោយម៉ាស៊ីនច្រូតស្វ័យប្រវត្តិ នៅឃុំ តាម៉ឺន និងឃុំអន្លង់រុន ស្រុកថ្មគោល។ ជាលទ្ធផល ការច្រូតកាត់ដោយម៉ាស៊ីនស្វ័យប្រវត្តិ នៅឃុំតាម៉ឺនបានបាត់បង់ស្រូវអស់ចំនួន៤៩០គីឡូក្រាម/ហិកតា និងនៅឃុំអន្លង់រុនបាត់បង់ស្រូវអស់ចំនួន ៤៦៧គីឡូក្រាម/ហិកតា។
7-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង
- លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ បានចូលរួមពិធីប្រកាសទទួលស្គាស់សមាជិកជ្រើសតាំងនិងសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មខេត្តបាត់ដំបង នៅមន្ទីរពាណិជ្ជកម្មខេត្ត។
- លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ នៅសាលាខេត្តបាត់ដំបង។
8-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
លោកអនុប្រធានការិយាល័យ បានសហការជាមួយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពី តារាងតុល្យការរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រាក់ចំណាយ និងចំណូល សម្រាប់សហគមន៍កសិកម្ម។ គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីផ្តល់ចំណេះដឹងដល់ក្រុមប្រឹក្សាភិបាល គណ:កម្មាធិការត្រួតពិនិត្យ និងបេឡាផ្នែកគ្រប់គ្រងហិរញ្ញវត្ថុដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព។សហគមន៍កសិកម្មចូលរួមមកពី ស្រុកម៉ាឡៃ, ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក។ វគ្គបណ្តុះបណ្តាល ធ្វើនៅសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង (រយៈ:ពេល២ថ្ងៃ) ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។