មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ សីហា ២០២០
468

សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

1-ការងារការិយាល័យផ្សព្វផ្សាយកសិកម្ម   ដឹកនាំដោយលោកស្រីប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារមន្ទីរកសិកម្មខេត្ត បានចុះត្រួតពិនិត្យដូចខាងក្រោមៈ

            -បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដាំដំណាំនៅក្នុងផ្ទះសំណាញ់ ឈ្មោះ ណែម ពក រស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាកសិករបានដាំដំណាំខាត់ណាក្នុងផ្ទះសំណាញ់ទំហំ ៥x៩ ដែលគាត់បានប្រមូលផលលក់ចំនួន ៨០គីឡូក្រាម និងបានទៅអោយផ្សារកសិកម្មសុវត្ថិភាពភូមិ ក្នុងតំលៃ៤០០០រៀល/ ១គីឡូក្រាម។ ហើយមន្ទីរកសិកម្ម និងការិយាល័យកសិកម្មស្រុក ដើម្បីចុះពង្រឹកសមត្ថភាពបច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ។

            - បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដាំដំណាំនៅក្នុងផ្ទះសំណាញ់ ឈ្មោះ ឌិន ចន្ទី រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាកសិករបានដាំដំណាំខាត់ណាផ្កាលឿនក្នុងផ្ទះសំណាញ់ទំហំ ១០x៣៦ និងក្រៅផ្ទះសំណាញ់ ដែលសរុបផ្ទៃដី ១៦០០ម៉ែត្រការេ ស្មើនឹង ៦០០០គុម្ភ ដាំដំណាំជាង ១ខែហើយនឹងត្រៀមប្រមូលផលលក់ចំនួនប្រមាណពី ៤ ទៅ ៥តោន ក្នុងតំលៃកុងត្រា ១គីឡូ ៤០០០ ទៅ ៤៥០០រៀល ទៅអោយផ្សារមាសបៃតង។

2-ការងារខណ្ឌរដ្ឋបាលជលផលៈ

            លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ កងកំលាំងប្រដាប់អាវុធ និងសហគមន៍នេសាទព្រែកទាល់ កំលាំងសហគមន៍នេសាទព្រែកទាល់ សហព័ន្ធឃុំកោះជីវាំង ដែលមានកាណូតស្មាច់ចំនួន០៨គ្រឿង មនុស្សសរុបចំនួន២៥នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំនុចពីប្រឡាយព្រែកទាល់ ដល់អូរពាក់កន្ទេល ពីពាក់កន្ទេលដល់ក្បាលតោល និងកោះក្រញាន ក្នុងឃុំកោះជីវាំង និងពីចំណុច ពីព្រែកថ្វាងដល់ កោះវែង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០៤ករណី៖

            -របាំងសាច់អួនប្រវែង ៣៤០០ម៉ែត្រ

            -ឡុកចាប់ត្រីចំនួន ៣៥គ្រឿង

            -បង្គោលចំនួន ១៥៥០ដើម

            -លបកន្ទុយកណ្ដុរ(ប្រឹស១០០) ចំនួន ២៧ គ្រឿង

            -ត្រីសរុប ៥៥គីឡូក្រាម(ប្រលែងចូលបឹងធម្មជាតិ)។

3-ការងារការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្មៈ

            លោកប្រធានការិយាល័យ បានចុះពង្រឹង និងពិនិត្យលើការប្រមូលផលស្រូវ ដែលស្ថិតនៅលើកិច្ចសន្យានឹងរោងម៉ាស៊ីនអង្គររុងរឿង (AMRU Rice) ប្រភេទស្រូវសែនក្រអូប ទិន្នផល ប្រហែល៣តោន តម្លៃបច្ចុប្បន្ននេះ ៩៥ ទៅ ៩៧ បាត ក្នុង ១គីឡូក្រាម(ប្រហែល ១ ២០០ទៅ ១ ២៥០ រៀល) អាស្រ័យលើគុណភាពនិងពណ៌សម្បុរស្រូវ នៅសហគមន៍កសិកម្មក្តីសង្ឃឹមនៃកសិករ និងសហគមន៍កសិកម្មច្រនៀងចែងពាស ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

4-ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុៈ

            នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃសកម្មភាពគាំទ្របណ្តុំអាជីវកម្ម ដើម្បីលក់ផលិតផលកសិកម្មដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តចំនួន ៥ខេត្ត ទីប្រឹក្សារបស់កម្មវិធី និងមន្ត្រីទីផ្សារ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ សរុប២៤នាក់ ស្រី ៦នាក់។ ក្នុងគោលបំណង ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងវិធីសាស្រ្តបង្កើនការគាំទ្រផ្នែកទីផ្សារអោយកាន់តែប្រសើរឡើង ដែលមានចំណុចសំខាន់ៗដូចជា៖

            -ទទួលបានទិន្នន័យនៃផលិតកម្មរបស់បណ្តុំអាជីវកម្មនីមួយៗ

            -ទទួលបានព័ត៍មានស្តីអំពីស្ថានភាពជាក់ស្តែង នៃផលិតកម្មរបស់បណ្តុំអាជីវកម្មនីមួយៗ

            -ទទួលបានព័ត៍មានពីអ្នកប្រមូលទិញកសិផល តាមតំបន់

            -ចែករំលែកបទពិសោធន៌ និងកំណត់ទិសដៅអនុវត្តបន្ត

            -លទ្ឋផលរំពឹងទុក

            -ដំណើរការ និងលទ្ធផលសម្រេចបាន។

5-ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

            មន្រ្តីការិយាល័យ បានសហការចុះពិនិត្យ PHដី ជាមួយ លោក ជា វង្សណារិទ្ធ អនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង ព្រមទាំងជំនាញការសំណង់ផ្លូវថ្នល់ ខែ្មរ និងជប៉ុន ដែលកំពុងស្ថាបនាផ្លូវហាយវេ។ គោលបំណងនៃការចុះត្រួតពិនិត្យគឺដើម្បីផ្ទៀងផ្ទាត់ PHដី សម្រាប់ដាំកូនឈើនៅតាមបណ្តោយផ្លូវ និងទ្រូងផ្លូវហាយវេនៅទីតាំង ភូមិខ្សាច់ពោយ សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជាលទ្ធផលឃើញថា ដីសំណាកចំនួន  ០៣កន្លែង ដីដែលយកមកដាំលើទ្រូវផ្លូវ មានលាយផេះអង្គាម និងកំប៉ុស្តិ៍ឃើញថាកម្រិត PH ទាប (៥.២) តែដីនៅតាមបណ្តោយផ្លូវមាន PH ពី ៦.៥ ទៅ ៦.៧ ដែលត្រូវតាមការសិក្សារបស់ គម្រោងមុនពេល ចាប់ផ្តើមសាងសង់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter