នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖
សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង 1-ការងារថ្នាក់ដឹកនាំមន្ទីរៈ
លោក ឈឹម វជិរា ប្រធានមន្ទីរ និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពិនិត្យ វាយតម្លៃ ស្ថានភាពស្រូវរដូវវស្សារងផលប៉ះពាល់ដោយកង្វះទឹក នៅតាមតំបន់មួយចំនួន និងពិនិត្យលទ្ធភាពបូមសង្គ្រោះស្រូវ តាមតំបន់ដែលមានប្រភពទឹក ដែលអាចជួយបាន នៅស្រុកបាណន់ មោងឬស្សី និងស្រុកគាស់ក្រឡ។ ក្រោយពីបានចុះពិនិត្យវាយតម្លៃការងារបង្កបង្កើនផល និងជួយអន្តរាគមន៍បើកទ្វារទឹកទំនប់កង្ហតដើម្បីឲ្យប្រជាពលរដ្ឋបូមទឹកសង្គ្រោះដំណាំស្រូវបានចំនួន ៩ ៤៣៤ ហិកតាទាន់ពេលវេលា ហើយការងារនេះបានចូលរួមជួយអន្តរាគមន៍ពី
-ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត
-លោក ឡុង ផលគុណ អនុប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង
-លោកអភិបាល នៃគណៈអភិបាលស្រុកថ្មគោល បវេល និងស្រុកបាណន់ព្រមទាំងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំង៣។ ជាកិច្ចការបន្ត ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារ និងបន្តតាមដានជាប្រចាំ ដេីម្បីពិនិត្យស្ថានភាពជាក់ស្តែងនៃគ្រោះរាំងស្ងួត ក្នុង ទូទាំងខេត្ត និងត្រៀមកិច្ចសហការជាមួយដៃគូរអភិវឌ្ឍន៌នានា វិស័យឯកជន ក្រសួង ស្ថាប័ន ពាក់ ព័ន្ធ ជាពិសេសជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការស្វែងរកធនធាន សម្ភារៈ មធ្យោបាយ ថវិកា ដេីម្បីធ្វេីការឆ្លេីយតបទៅនឹងកិច្ចការជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករអោយបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា ៖
មកត្រឹម ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះខេត្តបាត់ដំបង ទទួលបានទឹកភ្លៀង ៣៦២,៧ មីលីម៉ែត្រតិចជាងឆ្នាំមុន៧៦មីលីម៉ែត្រ
ការងារបង្កបង្កេីនផលស្រូវវស្សាអនុវត្តបាន ២៦៧ ៣៣២ហិចតា ស្មេីនឹង ៨២.៧% នៃផែនការដាំដុះស្រូវ ៣២៣ ២០០ហិចតា ។
2-ការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបើកវគ្គសិក្ខាសាលាស្តីពី ការស្រង់ និងកត់ត្រាព័ត៌មាន ក្នុងប្រព័ន្ធព័ត៍មានស្ដីពីការគ្រប់គ្រង ការតាមដាន និងវាយតម្លៃដល់ភា្នក់ងារផ្សព្វផ្សាយឃុំ(CEWs) ចំនួន៤១នាក់ ស្រី ១៩នាក់។ សិក្ខាសាលានេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០២០។ ក្នុងគោលបំណង ការស្រង់ និងកត់ត្រាព័ត៌មានរបស់កសិករ (Farmer Registration) ការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់កសិករ (Update farmer information) ប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ច (Economic Performance) ប្រសិទ្ធភាពលើផ្នែកធន់នឹងការប្រែប្រួលអាកាសធាតុ (Resilience Performance) រៀបចំផែនការបញ្ចូលទិន្នន័យកសិករក្នុងប្រព័ន្ធព័ត៌មាន និងការគ្រប់គ្រងសម្រាប់ឆ្នាំ២០២០។
3-ការងារការិយាល័យផ្សព្វផ្សាយកសិកម្មៈ
លោកស្រី យឹម សារ៉ាត់ អនុប្រធានការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីយេនឌ័រ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម នៅក្នុងឃុំគារ ស្រុកមោងឬស្សី មានអ្នកចូលរួម៣៩នាក់ ស្រី ១៥ នាក់។
4-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ
-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានចុះពិនិត្យនិងកាត់ស្តុកសៀវភៅផល អនុផលព្រៃឈើប្រចាំខែកក្កដា នៅរោងសន្និធិស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ និងបានចុះពិនិត្យកូនឈើដាំចំនួន ២ ០០០ដើម (ក្រញូង, បេង, ធ្នង់ ដែលខណ្ឌរដ្ឋបាលព្រៃឈើបានប្រគេន) លើផ្ទៃដី ១១ ០០០ម៉ែត្រការ៉េ នៅចំណុចវត្តអណ្តូងត្នោត ឃុំនរា ស្រុកសង្កែឃើញថាៈ កូនឈើនេះដាំក្នុងខែសីហាឆ្នាំ២០១៩និងអត្រារស់១០០%។
-នាយ នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល នាយសង្កាត់រដ្ឋបាលព្រៃឈើសំឡូត និងនាយសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមជាមួយក្រុមការងារទី១ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បន្តធ្វើការអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ថ្ងៃទី៥ នៅភូមិសាស្រ្តភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត។
-នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល នាយសង្កាត់រដ្ឋបាលព្រៃឈើបាណន់ និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានចូលរួមជាមួយការងារក្រុមទី២ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ចុះធ្វើអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណកម្មដី នៅភូមិសាស្រ្តភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
5-ការងារខណ្ឌរដ្ឋបាលជលផលៈ
លោក ខេង ម៉ាកខេន នាយផ្នែករដ្ឋបាលជលផលអូរតាគី និងលោក ឡេង សុវណ្ណារ៉ា នាយរងផ្នែករដ្ឋបាលជលផលអន្លង់វិល បានចូលរួមពិធីព្រលែងកូនត្រីនិងដាំព្រៃលិចទឹក មានកូនត្រីឆ្ពិន១២៥០០ក្បាល និងព្រៃលិចទឹក៥០ដើម នៅស្រះជម្រកត្រីសហគមន៍ស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល អ្នកចូលរួមសរុប១១៥នាក់។
6-ការងារការិយាល័យរដ្ឋបាល បុគ្គលិកៈ
ថ្នាក់ដឹកនាំការិយាល័យរដ្ឋបាល បុគ្គលិក និងសហការី ថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសួរសុខទុក្ខអ្នកស្រី អ៊ុត ភក្ត្រា មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលបានសម្រាលបុត្រា នៅគេហដ្ឋាន បុរីរំចេក ភូមិរំចេក៣ សង្កាត់រតនៈ ក្រុង បាត់ដំបង ។
7-ការងារការិយាល័យផ្សព្វផ្សាយកសិកម្ម
លោកស្រី សៀ គឹមណៃ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម មន្រ្តីអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តបាត់ដំបង ព្រមទាំងស្រុកបវេល បានចុះចែកកូនមាន់អាយុ២១ថ្ងៃ ដល់កសិករចំណូលស្រុកចំនួន៩គ្រួសារ ដែលមានចំនួនកូនមាន់សរុប១៨០ក្បាល ដល់ពួកគាត់ ក្នុងមួយ០១គ្រួសារ ទទួលកូនមាន់ចំនួន ២០ក្បាល ដែលមកពីភូមិក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល។