នៅរសៀលថ្ងៃចន្ទ ១៤កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានដឹកនាំអនុប្រធានមន្ទីរ ប្រធានការិយាល័យ មន្រ្តី និងក្រុមទីប្រឹក្សានៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានទទួលជួបលេខាទី២នៃស្ថានទូតជប៉ុនចំនួន ២រូប(ទទួល បន្ទុកគម្រោង KUSANONE ដើម្បីមកធ្វើការផ្តល់នូវដំណើរការនៃវាយតម្លៃបឋមទៅលើសំណើសុំមជ្ឍមណ្ឌលប្រមូលផ្តុំ តួ្រតពិនិត្យគុណភាព និងចែកចាយបន្លែ ដែលបានគ្រោងនឹងសាង់សង់នៅទីតាំងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ ជាខ្លឹមសារលោកប្រធានបានធ្វើបទបង្ហាញពីស្ថានភាពទូទៅលើផ្នែកកសិកម្ម និងតំបន់សក្តានុពល ពីមូលហេតុនៃការស្នើរសុំមជ្ឍមណ្ឌល ក្នុងការជួយគាំទ្រដល់កសិករក្នុងការផលិតបន្លែសុវត្ថិភាព ឆ្ពោះទៅរកទីផ្សារក្នុងខេត្ត ក្នុងប្រទេស និងក្រៅប្រទេស ជាមួយនឹងការឆ្លើយតបនូវចម្ងល់ពីស្ថានទូតជប៉ុនផងដែរ។ ការពិភាក្សាលើគម្រោងស្នើរសុំនេះ រួមមាន អាគារនៃមជ្ឍមណ្ឌល ម៉ាស៊ីន ឧបករណ៍តេស្ត ឡានត្រជាក់ និងវគ្គបណ្តុះបណ្តាលបច្ចេកទេសលើការប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍។ ជាលទ្ធផលកម្មវិធីពិភាក្សានេះ ស្ថានទូតជប៉ុន បានទទួលយកសំណើ នឹងផ្តល់ដំណឹងនេះទៅគម្រោង JACA និងពិភាក្សាជាមួយនឹងប្រធានក្រុមប្រឹក្សារបស់ជប៉ុន ហើយសុំឱ្យមន្ទីរបានស្វែងរកគម្រោងខាងក្រៅផងដែរ។ ប្រសិនបើ បានអនុម័តដោយប្រធានក្រុមប្រឹក្សារបស់ជប៉ុន គម្រោងនេះនឹងចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២១ខាងមុខនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម