មាតិកា
សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ កក្កដា ២០២០
653

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង   នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែសា្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០       

1-ការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE)

 ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំព្រែកនរិន្ទ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តបាត់ដំបង បានចុះតាមដានការប្រមូលផលបន្លែស្ពៃថៃស៊ីម របស់កសិករ ឌុល ឡយ ភេទប្រុស ជាសមាជិកបណ្តុំអាជីវកម្មបន្លែ (ASPIRE)  ស្ថិតនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កសិកររូបនេះ ជាសមាជិកសកម្មមួយរូប ដែលបានដំាដុះបន្លែស្លឹកវិលជុំពេញមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយនៅវគ្គនេះគាត់ប្រមូលផលស្ពៃថៃស៊ីមបានចំនួន២៥០គីឡូក្រាម និងលក់ក្នុងតម្លៃ១ ០០០រៀលក្នុង១គីឡូក្រាម។

មន្រ្តីអនុវត្តអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) ថ្នាក់ស្រុកកំរៀង បានបណ្តុះបណ្តាលកសិករចំនួន៣៧នាក់ ស្រុក៤នាក់ នៅបណ្តុំអាជីវកម្មពោតក្រហម នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ការបណ្តុះបណ្តាលនេះ ផ្តោតលើរបៀបនៃការថែទំាតាមដំណាក់កាល ដូចជា៖ ពេលដំាដុះរហូតដល់ពេលដុះពេញពន្លក ពេលលូតលាស់ចំនួនស្លឹកនឹងថ្នាំង ពេលពោតពន្លកដើម ដំណាក់កាលចេញផ្កា និងដំណាក់កាលកកើតគ្រាប់ដំបូង។

មន្រ្តីអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមន្រ្តីការិ.កសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបាណន់ បានចុះជួបកសិករដាំបន្លែសុវត្ថិភាព ឈ្មោះ វុន តាំង ដែលជាកសិករដាំដំណាំក្នុងផ្ទះសំណាញ់ទំហំ ៥x៩ ម៉ែត្រ និងក្រៅផ្ទះសំណាញ់ទំហំដី ៦០x៦០ម៉ែត្រ រស់នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ កសិកររូបនេះ បានដាំស្ពៃតឿ ខាត់ណាផ្កា និងស្ពៃក្តោបសុវត្ថិភាព ដើម្បីផ្គត់ផ្គង់បន្លែទៅអោយផ្សារមាសបៃតង ផ្សារកសិកម្មសុវត្ថិភាពភូមិយើង និងទីផ្សារផ្សេងទៀត ចំនួន ៣ ០០០គីឡូក្រាម។ ក្នុងនោះ គាត់បានលក់ជូនទៅផ្សារមាស បៃតងក្នុងតំលៃពី ៣០០០ រៀល ទៅ៣៥០០ រៀល/គីឡូក្រាម ។ ហើយមន្ទីរកសិកម្ម និងការិយាល័យកសិកម្មស្រុក នឹងចុះពង្រឹកសមត្ថភាពបច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ។

2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង

            - លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងមន្ត្រីខណ្ឌ និងនាយសង្កាត់រដ្ឋបាលព្រៃឈើកំរៀង បានចុះបំពេញបេសកកម្មនៅឃុំតាក្រី ស្រុកកំរៀង អនុវត្តន៍ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយ បង្កើននូវចំណេះដឹងដល់សហគមន៍មូលដ្ឋាន អំពីផលប្រយោជន៍សារៈប្រយោជន៍ព្រៃឈើ និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាពដែលមានអ្នកចូលរួមសរុបចំនួន ៥០នាក់ និងបានដាំកូនឬស្សីចំនួន ៦០ដើមនៅសហគមន៍ព្រៃឈើបឹងជ្រៃក្រឹម។

            -សង្កាត់រដ្ឋបាលព្រៃឈើព្រៃស្វាយ រួមជាមួយគណៈកម្មាធិការសហគមន៍ព្រៃត្រឡាច បានចុះពិនិត្យមើលទីតាំងដាំដើមស្វាយជាង៣០០ដើម នៅក្នុងព្រៃសហគមន៍ត្រង់ចំនុចអណ្តូងថ្ម ស្ថិតក្នុងភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង បើតាមការស៊ើបសួរបានឱ្យដឹងថា ម្ចាស់ដីដែលជួលអោយដាំកូនស្វាយ មានឈ្មោះ ត្រា មានឋានៈជាស្នងការរងខេត្តត្បូងឃ្មុំ ហើយពីមុនជាអ្នកបើកបររថយន្តអោយលោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត       បាត់ដំបង និងបានឱ្យប្រជាជនចំនួន៥នាក់រុះរើតង់ស្នាក់នៅបណ្តោះអាសន្នដើម្បីក្រាំងគោ និងគោចេញពីព្រៃសហគមន៍នៅត្រង់ចំនុចបឹងកំប្លងឱ្យត្រឡប់ទៅផ្ទះវិញ។

            -ក្រុមការងារចុះសិក្សាស្រាវជ្រាវ និងធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីបន្តបំពេញព័ត៌មាន នៅភូមិភ្នំរ៉ៃ  ឃុំតាតោក និងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

            - វេលាម៉ោងប្រាំបួននិងសាមសិបនាទីព្រឹក ក្រុមហ៊ុន រ័ត្ន សម្បតិ្ត សហការជាមួយមន្រ្តីផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋចូលរំលោភ និងទន្រ្ទានកាប់រានហ៊ុមព័ទ្ធកាន់កាប់ដីរបស់ក្រុមហ៊ុន រ័ត្ន សម្បត្តិ នៅចំណុចភូមិកញ្ចាំង ឃុំស៊ុង និងភូមិភ្នំរៃ ស្រុកសំឡូត ខេត្តបាត់ដំបង។ ជាលទ្ធផល ក្រុមការងារបានពិនិត្យជាក់ស្តែងឃើញថា មានប្រជាពលរដ្ឋចូលរំលោភ និងទន្រ្ទានកាប់រានហ៊ុមព័ទ្ធកាន់កាប់ដីរបស់ក្រុមហ៊ុន រ័ត្ន សម្បត្តិ ទំហំប្រមាណ១៤,៧៥៧ហិកតា ត្រង់ចំណុចនិយាមកា UTM (261229-1387409, 261108-1387299,  261083-1387209, 261084-1387091, 260972-1386997, 260955-1386958,  260781-1386881, 260752-1386809, 260711-1386763, 260683-1386722, 260590-1386722, 260598-1386808, 260577-1386881, 260655-1386940, 260664-1387040, 260701-1387111, 260802-1387205)។

3-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មៈ

            - លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមដំណើរការវាយតម្លៃភាពងាយរងគ្រោះ មុខសញ្ញាគ្រោះថ្នាក់ សមត្ថភាពទឹក និងស្វែងរកលទ្ធភាពផ្គត់ផ្គង់ទឹក ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ជាមួយអង្គការមនុស្សចាស់កម្ពុជា នៅភូមិពងទឹក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង អ្នកចូលរួមសរុបចំនួន៣០នាក់ ស្រី១១នាក់។

            - លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រភេទពូជសែនក្រអូប ០១ ដែលរៀបចំដោយ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ឧបត្ថម្ភដោយ កម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC)។ សមាសភាពចូលរួម លោក អនុប្រធានមន្ទីរកសិកម្ម លោកអនុប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម តំណាង អង្គការ CAVAC តំណាងសម្ពន្ធ័ស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីន MRURice  នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

4-ការងារការិយាល័យផ្សព្វផ្សាយកសិកម្មៈ

            អ្នកស្រីប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីការិយាល័យផែនការ គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំពៅឡូន បានចុះពិនិត្យវឌ្ឍនភាពកសិករចិញ្ចឹមមាន់ ឈ្មោះ ស៊ុន ផាន់ណា ជាប្រពន្ធ និងលោកប្តី ដួង វៃ ដែលជាកសិករចិញ្ចឹមមាន់ភ្ញាស់កូន និងចិញ្ចឹមមាន់យកសាច់ ដែលរស់នៅភូមិគំនរបេង ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ គាត់បានចាប់ផ្តើមចិញ្ចឹមមាន់តាំងពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩ ដែលពលនោះ មានមាន់មេចំនួន ៥ក្បាល  តែមកដល់បច្ចុប្បន្ននេះ មានមេមាន់ ១០០ក្បាល និងបាចំនួន ២៥ក្បាល កូនមាន់ជំទង់ចំនួន ៧៥០ក្បាល និងកូនមាន់ជិត ២១ថ្ងៃ ចំនួន១៥០ក្បាល។ ចំណូលពីការលក់មាន់ក្នុង១ខែ ប្រមាណជា ២ ០០០ ០០០រៀល ដោយលក់មាន់សាច់ផង និងកូនមាន់ផង ជាមួយនឹងអ្នកប្រមូលទិញចំនួន ៤រូប។ ហើយនៅពេលខាងមុខ គាត់មានគម្រោង និងធ្វើការពង្រីកអាជីវកម្មមាន់ឱ្យទៅជាការភ្ញាស់យកកូនដោយដាក់ស្ពឺម និងបរិមាណមេបាឱ្យបាន ៥០០ក្បាល ហើយមន្ទីរកសិកម្ម និងការិយាល័យកសិកម្មស្រុក នឹងចុះពង្រឹកសមត្ថភាពមន្ថែម និងផ្តល់បច្ចេកទេសបន្ថែម ការតម្រង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ និងថ្នាំការពារជំងឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter