នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០លោក ឈឹម វជិរាប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យកៅស៊ូ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យកៅស៊ូរបស់អគ្គនាយកដ្ឋានកៅស៊ូ នៅស្រុកកំរៀង ដែលមានអញ្ជើញចូលរួមពី លោក ចាន់ វឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ និងសហការី លោកអភិបាលរង នៃគណៈអភិបាលស្រុកកំរៀង ប្រតិករកៅស៊ូ (ម្ចាស់ចម្ការកៅស៊ូ អ្នកប្រមូលទិញ អ្នកកែច្នៃ និងអ្នកពាក់ព័ន្ធផ្នែកកៅស៊ូ) ។ កម្មវិធី រៀបចំនៅសាលាស្រុកកំរៀង។
ចេញពីសាលាស្រុកកំរៀង លោកប្រធានមន្ទីរ បន្តចុះពិនិត្យវឌ្ឍនភាពការងារបង្កបង្កើនផលដំណាំឧស្សាហកម្មឆ្នាំ២០២០ នៅស្រុកកំរៀង ( ឃុំតាសែន) និងស្រុកភ្នំព្រឹក( ឃុំអូររំដួល) មានដូចជា ពោត ដំឡូងមី ចម្ការកៅស៊ូលក្ខណៈគ្រួសារ និងចម្ការដំណាំមៀនប៉ៃលិន។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងទូទាំងខេត្តបាត់ដំបង ទទួលបានទឹកភ្លៀងក្នុងបរិមាណ ២៧១មីលីម៉ែត្រ ការងារដាំដុះឧស្សាហកម្មអនុវត្តបាន ១៥៤ ៣៨២ហ.ត ស្មើនឹង៦៦.៨៤% នៃផែនការ ២៧៣ ៩៦០ហ.ត ក្នុងនោះ៖
-ពោតក្រហមសរុបសម្រេចបាន ៤៣ ០៨៣ហ.ត ស្មើនឹង៣២,៦៩% ផ្ទៃដីប៉ះពាល់ចំនួន ៦ ៩២៣ ហ.ត។
-ដំឡូងមីសរុបសម្រេចបាន ១០៨ ៩៥១ហ.ត ស្មើនឹង១០០,៣២% ផ្ទៃដីប៉ះពាល់ចំនួន ៥ ៨១៨ ហ.ត។
យើងសង្កេតឃើញថាស្ថានភាព នៃដំណាំកសិ-ឧស្សាហកម្មនៅតំបន់នេះកសិករដាំដុះមានសភាពល្អប្រសើរ។ ក្នុងមួយរយៈនេះ ដោយសារភ្លៀងធ្លាក់ច្រើនបង្គួរ ដែលធ្វើឱ្យមានស្មៅដុះច្រើន និងជម្ងឺផ្សេងៗ សត្វល្អិតដង្កូវហ្វូង ធ្វើកសិករខ្លះកំពុងមមាញឹកបាញ់ជីបំប៉ន បាញ់ថ្នាំកំចាត់ស្មៅ និងជម្ងឺ ដង្កូវលើដំណាំរបស់ពួកគាត់។ ជាមធ្យមនៅតំបន់នោះដំណាំពោត ទទួលទិន្នផលបានពី៦-៧តោន ដំឡូងមីពី៣០-៣៥តោន ប្រសិនបើមានភ្លៀងធ្លាក់គ្រប់គ្រាន់ និងមិនមានបំផ្លិចបំផ្លាញសត្វល្អិតចង្រៃ ព្រមទាំងជម្ងឺរាលត្បាតផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម