មាតិកា
លោក អុិន សុវណ្ណមុន្នី បានចុះពិនិត្យមើលចំការដំឡូងមី របស់កសិករ នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល
ចេញ​ផ្សាយ ២២ មិថុនា ២០២០
547

នៅថ្ងៃអាទិត្យ ០១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានមន្ទីរ បានចាត់លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោកស្រីអនុប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មចំនួន០២រូប និង លោក នង សុផល មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុករតនៈមណ្ឌល ចុះពិនិត្យមើលចំការដំឡូងមី របស់លោក សុខ ហេង នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌលមានផ្ទៃដីដាំដុះសរុបចំនួន៦ហិកតា ហើយនៅផ្នែកមួយចំនួននៃដំណាំរបស់លោកគឺកំពុងតែជួបបញ្ហាស្រមើលក្រហម។ នៅតំបន់នោះមានផ្ទៃដីដាំដំឡូងមីសរុប៥ ០០០ហ.ត ហើយផ្ទៃដីដែលកំពុងរងផលប៉ះពាល់ដោយសារសត្វល្អិតស្រមើលក្រហមជញ្ជក់ស្លឹកចំនួនតែ១០ហ.ត។ គាត់បានបាញ់ថ្នាំសត្វល្អិតចំនួន២ប្រភេទលាយ បញ្ចូលគ្នា ដែលមានសារធាតុសកម្ម(Abametin+Emamectin)ក៏ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលល្អនោះទេ។ ក្រោយពីបានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងឃើញថា មានវត្តមាន ពពួកសត្វល្អិតស្រមើលក្រហម ចន្លោះពី២០០ ទៅ៣០០ក្បាល/ដើម ហើយក្នុងនោះការបំផ្លាញមានត្រឹមតែ៣ភាគរយតែប៉ុណ្ណោះនៃផ្ទៃដីសរុប ហើយក្នុងតំបន់មួយចំនួននៃចំការក្បែរៗនេះគឺកំពុងមានការរីករាលដាល ក្នុងកម្រិតតិចតួច ក្នុងមួយដើមគឺមានវត្តមានស្រមើលក្រហម ចន្លោះពី៥ ទៅ៦ក្បាលតែប៉ុណ្ណោះ។ លោកអនុប្រធានមន្ទីរ ក៏បានណែនាំបន្ថែម អំពីបច្ចេកទេសដាំដុះដំណាំដំឡូងមី ក៏ដូចជាការជ្រើសរើសពូជ ការថែទាំ និងប្រើប្រាស់ថ្នាំពុលជាដើម។ ស្របពេលនោះលោកក៏បានណែនាំអំពីបច្ចេកទេសក្នុងការគ្រប់គ្រងទៅលើសត្វល្អិតស្រមើលក្រហមដល់កសិករដោយប្រើប្រាស់វិធានការដូចខាងក្រោម៖

  • វិធានការមេកានិច៖  ធ្វើការដកដោយដៃ បន្ទាប់មកយកទៅដុត រឺ កប់ចោល
  • វិធានការគីមី៖ ការប្រើប្រាស់ប្រភេទថ្នាំពពួកSystemic (Chlorpyrifos+Cypermethrin) ជាដើម

ជាលទ្ធផល៖ កសិករលោកបានទទួលយកនូវបច្ចេកទេសដែលបានណែនាំខាងលើ និងបានថ្លែងអុំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរ និងសហការី ដែលបានចុះមកធ្វើការណែនាំ និងអន្តរាគមន៍ពេលដែលកសិករកំពុងជួបប្រទះបញ្ហា។

ចំនួនអ្នកចូលទស្សនា
Flag Counter