នៅថ្ងៃអង្គារ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
លោក រុំ រ៉ា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIRE ខេត្តបាត់ដំបង លោក សាន់ ប៉ុន ទីប្រឹក្សាតាមដាន វាយតម្លៃនឹងគ្រប់គ្រងព័ត៌មានវិទ្យា លោក អ៊ុន វាន់នេត ទីប្រឹក្សាសម្របសម្រួលទីផ្សារថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក នូ ប្រណិត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករតនមណ្ឌល បានចុះតាមដាន ពិនិត្យមើលការរីកចំរើនការចិញ្ចឹមមាន់របស់ក្រុមការកសិករនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺកសិករ ចេះជ្រើសរើសពូជមាន់ល្អៗ មានទ្រុងមាន់ប្រកបដោយជីវសុវត្ថិភាព ការឲ្យចំណីផ្សំដោយខ្លួនឯង ការធ្វើវ៉ាក់សំាងត្រឹមត្រូវ បរិស្ថានដ៏ល្អ ព្រមទំាងបានថែទាំប្រកបដោយយកចិត្តទុកដាក់ ។ បច្ចុប្បន្ននេះ គាត់មានមុខរបរភ្ញាស់កូនមាន់លក់ ដោយប្រើទូភ្ញាស់ចំនួន៣គ្រឿងមានដូចជា៖
- ទូភ្ញាស់កូនមាន់ទី១ មានសមត្ថភាពដាក់ភ្ញាស់កូនមាន់ចំនួន៣៥២ពង
- ទូភ្ញាស់កូនមាន់ទី២ មានសមត្ថភាពអាចដាក់ភ្ញាស់កូនមាន់បានចំនួន ៤០០ពង
- ទូភ្ញាស់ទី៣ មានសមត្ថភាពអាចភ្ញាស់កូនមាន់បានចំនួន ១ ៨៤៥ពង (ទើបផលិតរួច)។ សព្វថ្ងៃគាត់ភ្ញាស់កូនមាន់បានចំនួន ៦០០ ទៅ ៨០០ កូនមាន់ក្នុងមួយខែៗ និងលក់បាន៥០០០៛/ក្បាល ក្នុងរយៈពេល ២១ថ្ងៃ ដោយវ៉ាក់សាំងគ្រប់។ ការចិញ្ចឹមមាន់របស់គាត់យកពងមកភ្ញាស់យកកូន គឺប្រើបច្ចេកទេសបង្កាត់សិប្បនិមិត្ត ប្រើប្រាស់ទំហំទ្រុងតូច តែមានមេមាន់ចំនួន ១០០ក្បាល និងមេបាចំនួន ១០ក្បាល ដែលអាចផលិតបាននូវពងមាន់សំរាប់ដាក់ទូរភ្ញាស់បានច្រើន និងចំណេញច្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម